ឈ្មួញកំពុងជីកកកាយដីភ្នំ លក់យ៉ាងគគ្រឹកគគ្រេងនៅក្បែរ ព្រំដែនកម្ពុជា-ថៃគ្មានអាជ្ញាធរមូលដ្ឋាន ឬមន្ទីរពាក់ព័ន្ធណាហាមឃាត់ឡើយ
ខេត្តប៉ៃលិន៖ ឈ្មួញនៅតែបន្តជីកកកាយដីភ្នំលក់យ៉ាងគគ្រឹកគគ្រេង នៅក្បែរព្រំដែនកម្ពុជា-ថៃគ្មានអាជ្ញាធរមូលដ្ឋាន ឬមន្ទីរពាក់ព័ន្ធណាហាមឃាត់ឡើយរហូតមកដល់ពេលនេះ។ តាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋបានឱ្យដឹងថា៖ ក្រុមឈ្មួញកំពុងតែធ្វើសកម្មភាពយកគ្រឿងចក្រ ទៅជីកកកាយដីភ្នំមួយកន្លែងដឹកលក់យ៉ាងគគ្រឹកគគ្រេង ដោយគ្មានការហាមឃាត់ពីអាជ្ញាធរមូលដ្ឋាន ឬមន្ទីរពាក់ព័ន្ធណាឡើយ។
សូមជំរាបដែរថា៖ សកម្មភាពជីកកកាយដីភ្នំលក់ឡើងវិញនេះ បានកើតឡើងកាលពីព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅក្បែរព្រំដែនកម្ពុជា ថៃក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ប្រជាពលរដ្ឋបានចង្អុលបង្ហាញឱ្យដឹងថា៖ មានឈ្មួញ១ក្រុមបានយកគ្រឿងចក្រអេស្កាវ៉ាទ័រទៅជីកកកាយដីភ្នំដឹកតាមរថយន្តជាច្រើន គ្រឿងយកទៅលក់នៅតាមភូមិជាហេតុធ្វើឱ្យខូចទ្រង់ទ្រាយភ្នំដែលជាកេរតំណែលរបស់ដូនតាតាំង ពីយូរលង់ណាស់មកហើយនោះ។ ប្រភពដដែរបន្តថា៖បើសិនជាសកម្មភាពជីកកកាយដីភ្នំដឹកលក់នៅតែបន្តបែបនេះ មើលទៅភ្នំជាច្រើននៅក្នុងភូមិខាងលើនឹងខូចខាតរូបរាងហើយថែមទាំងបាត់បង់អស់នូវសោភ័ណភាពថែមទៀតផង។ ពួកគាត់ពិតជាមានការសោកស្តាយយ៉ាងខ្លាំង ចំពោះដីភ្នំដែលមានព្រៃឈើបញ្ចេញសម្រស់ខៀវ ស្រងាត់មើលទៅស្រស់បំព្រងគួរជាទីទាក់ទាញភ្នែកភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលមកលេងក្នុងទឹកដីខេត្តប៉ៃលិន លុះគេឃើញបែបនេះ នឹងរិះគន់ដល់ពលរដ្ឋយើងថាមិនចេះការពារ។
ប្រភពដដែរបញ្ជាក់ថា៖ បើគេក្រឡេកមើលទៅទិសខាងលិចមើលទៅភ្នំក្នុងប្រទេសថៃគ្មានកន្លែងណាមួយ ត្រូវបានឈ្មួញជីកកកាយដូចភ្នំនៅក្នុងទឹកដីខេត្តនេះ ឡើយហើយក៏មានទេសភាពគួរឱ្យទាក់ទាញនិងចង់គយគន់ផងដែរ។ចំណែកភ្ញៀវទេសចរណ៍ដែលធ្វើដំណើរចេញចូលមកលេងប្រទេសកម្ពុជាតាមច្រកទ្វារអន្តរជាតិព្រំបាននិយាយថា៖ពួកគេពិតជាមានការសោកស្តាយខ្លាំងណាស់ខណៈឃើញប្រជាពលរដ្ឋខ្មែរមួយចំនួនអត់ចេះស្រឡាញ់ធម្មជាតិដែលជារបស់មានតម្លៃបំផុតសម្រាប់ជីវិតរបស់មនុស្សសត្វ គ្រប់ប្រភេទ។ពួកគេបន្តទៀតថា៖នៅថ្ងៃអនាគតបើអស់ព្រៃភ្នំនោះនឹងបង្កឱ្យក្លាយទៅជា គ្រោះធម្មជាតិ រាំងស្ងួតនិងទឹកជំនន់ជាក់ជាមិនខានព្រោះអស់ព្រៃឈើដែលតែងតែផ្តល់លំនឹងអាកាសធាតុឱ្យក្លាយទៅជាប្រែប្រួលអស់រលីងរដូវប្រាំងក្លាយទៅជាវស្សារីឯរដូវវស្សាវិញបែរទៅជាគ្មានភ្លៀងធ្លាក់ បណ្តាលឱ្យមនុស្ស សត្វ និងដំណាំដាំ ដុះខូចខាតអស់ជាច្រើនផងដែរ។
ពាក់ព័ន្ធទៅនឹងបញ្ហានេះម្ចាស់គ្រឿងចក្រម្នាក់ ឈ្មោះ លីន បានឱ្យដឹងថា៖លោកជីក កកាយដីដែលម្ចាស់គេមានប្លង់នៅលើជើងភ្នំប៉ុណ្ណោះមិនមានប៉ះពាល់ដល់ដីភ្នំអភិរក្សនោះឡើយដោយនៅខ្វះប្រហែល៥ម៉ែត្រទៀតទើបដល់ព្រំដែនដីភ្នំអភិរក្សម្យ៉ាងវិញទៀតខាងបរិស្ថានបានចុះទៅត្រួតពិនិត្យរួចរាល់អស់ហើយអត់ឃើញមានបញ្ហាអ្វីនោះទេហើយខាងលោកនឹងជីកកកាយដីដឹកលក់ត្រឹមតែ៤០ទៅ៥០រថយន្តទៀត ប៉ុណ្ណោះនឹងឈប់ជីកបន្តទៀត។ជុំវិញទៅនឹងបញ្ហានេះលោក គឹម សុខា ប្រធានមន្ទីរបរិស្ថានខេត្តប៉ៃលិនបានឱ្យដឹងថា៖ ឈ្មួញនាំគ្នាជីកកកាយដីជើងភ្នំនោះមិនប៉ះពាល់ដល់ដីបរិស្ថានជាតំបន់អភិរក្សនោះឡើយដោយម្ចាស់គេមានប្លង់បង្ហាញព្រំប្រទល់ត្រឹមត្រូវមិនជីកកកាយចូលទៅដល់ដី តំបន់ហាមឃាត់នោះទេ។លោកបន្តថា៖គ្រាន់តែនៅសល់បន្តិចទៀតដល់ដែនការពារមិនឱ្យប៉ះពាល់។តែទោះជាយ៉ាងណាក៏ដោយប្រជាពលរដ្ឋក៏ ដូចជាមជ្ឈដ្ឋានទូទៅកំពុងតែមានកាព្រួយបារម្មណ៍ ជាខ្លាំងខ្លាចបាត់បង់នូវសម្បត្តិធម្មជាតិដែលជារបស់មានតម្លៃ បំផុតសម្រាប់ជីវិតមនុស្សនិងសត្វខណៈដែលឈ្មួញទាំងនោះកំពុងតែជីកកកាយ ដីភ្នំលក់យ៉ាងគគ្រឹកគគ្រេងនៅក្បែរព្រំដែនកម្ពុជា-ថៃដោយគ្មានអាជ្ញាធរ មូលដ្ឋានឬមន្ទីរពាក់ព័ន្ធណាធ្វើការហាមឃាត់៕
