រឿងអាស្រូវ ប្រធានពេទ្យសត្វ ខេត្តសៀមរាប កំពុងបើកកកាយ
(ខេត្តសៀមរាប)៖ប្រធានការិយាល័យ ផលិតកម្ម បសុព្យាបាល នៃមន្ទីរកសិកម្ម ខេត្តសៀមរាប ត្រូវបានសារព័ត៌មាន ជាច្រើនធ្វើការ ចុះផ្សាយលាតត្រដាង អំពីរងការរិះគន់ពីមន្ត្រីក្រោមឱវាទថា បានបើកដៃ ឲ្យឈ្មួញនាំជ្រូកពីវៀតណាម ចូលមកចែកចាយ នៅខេត្តសៀមរាប យ៉ាងអាណាធិបតេយ្យ ដោយគ្មានការ ត្រួតពិនិត្យ ពីជំនាញពេទ្យសត្វ នោះទេ។
សេចក្តីរាយការណ៍បានឲ្យដឹងថា លោកព្រំ វិច ប្រធានការិយាល័យ ផលិតកម្មបសុព្យាបាល នៃមន្ទីរកសិម្ម ខេត្តសៀមរាប បានទទួលរងរិះគន់ យ៉ាងខ្លាំង ដោយខ្វះវិធានការប្រើ មន្ត្រីជំនាញពេទ្យសត្វ ចុះទៅពិនិត្យ តាមកន្លែងកាប់សត្វជ្រូក នាំចូលមកពី ប្រទេសវៀតណាម។ អាជីវករ ទាំងនោះ បានទទួលទិញ សត្វជ្រូក មកពីប្រទេស វៀបណាម យកមកកាប់លក់ យ៉ាងពេញបន្ទុក នៅតាមបណ្ដាផ្សារនានា នៅខេត្តសៀមរាប ដោយជ្រូកខ្លះបាន ងាប់មិនដឹងមូលហេតុ។ ប៉ុន្តែបើទោះបី ជាមានករណីនេះ ក្ដីមិនត្រូវបាន មន្ត្រីជំនាញពេទ្យសត្វ ក្រោមការដឹកនាំ របស់លោកព្រំ វិច ធ្វើការត្រួត ពិនិត្យនោះឡើយ។
ប្រជាពលរដ្ឋ មានការភ័យខ្លាច យ៉ាងខ្លាំងនៃការ ឆ្លងជំងឺផ្សេងៗ ពីសត្វជ្រូក ដែលនាំមក ពីក្រៅប្រទេស។ តែមន្ត្រីជំនាញសត្វ មិនបានយក ចិត្តទុកដាក់ ត្រួតពិនិត្យ ឲ្យបានម៉ត់ចត់ នោះឡើយ។ ករណីនេះ ប្រជាពលរដ្ឋ មិនដឹងថា មានមូលហេតុអ្វី បានធ្វើឲ្យមន្ត្រីពេទ្យសត្វ ក្រោមក្រសែភ្នែក លោកព្រំ វិច រក្សាភាព ស្ងប់ស្ងាត់ ដូចចោលួចសេះបែបនេះ។
ប្រភពបន្ថែមថាក្រុមឈ្មួញបាននាំ សត្វជ្រូកចូល មកចែកចាយ នៅខេត្តសៀមរាប យ៉ាងគគ្រឹកគគ្រេង ដើម្បីតម្រូវទីផ្សារនានា ប៉ុន្តែការនាំចូលនោះ ជ្រូកខ្លះហាក់មាន សភាពមិនល្អនោះទេ។
ពាក់ព័ន្ធ ទៅនឹងការរិះគន់នេះ លោកព្រំ វិច បានឲ្យ ដឹងថាការនាំជ្រូក មកពិឃាដនៅសៀមរាប បច្ចុប្បន្នមានក្រុមហ៊ន៣ គឺ ស៊ីភី,អង្គរសុខសារឹទ្ធ និងចន្ធូមានជ័យ គេមានច្បាប់ពីក្រសួងត្រឹមត្រូវ និងក៏មានអាជីវករ ក្នុងស្រកមួយចំនួនផងដែរ ដែលនាំពីខេត្តនានា និងមានលិខិតស្នាមត្រឹមត្រូវ ការិយាល័យជំនាញ មានឯកសារត្រឹមត្រូវ ដែលជំនាញបាន ដកហូតពីអាជីវករ និងមានមន្ត្រីជំនាញប្រចាំការ នៅគ្រប់សត្តឃាតដ្ឋាន មិនអនុញ្ញាតអោយពិឃាត ឬនាំចូលជ្រូកគ្មាន ច្បាប់មកពិឃាតទេ ហើយថ្មីៗនេះជំនាញ បានធ្វើការផាកពិន័យ និងកិច្ចសន្យា ជាច្រើនករណីផងដែរ។
ជុំវិញករណីនេះ ប្រជាពលរដ្ឋ សង្ឃឹមថាប្រធានមន្ទីរកសិកម្ម ខេត្តសៀមរាប លោកទា គឹមសុទ្ធ នឹងចាត់វិធានការ ចំពោះមន្ត្រីសំបូររឿង អាស្រូវបែបនេះ មិនឲ្យប្រជាពលរដ្ឋ ខកបំណងឡើយ៕